Forter6-IM BOOST FORCE

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលថ្វាយព្រះរាជមហាកុសល សម្តេចរាជបុត្រី សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវត្តី

TNM(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ថ្វាយព្រះរាជកុសលថ្វាយ សម្ដេចរាជបុត្រី សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងព្រះបរមនាមជាព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យជា «ទេពនាដវដ្តីឯក» នៅវត្តបុទុមវត្តី ដែលទ្រង់បានយាងសោយព្រះពិរាល័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣០នាទី ដោយជរាពាធ ក្នុងព្រះជន្ម ៧៧ព្រះវស្សា។

ការបាត់បង់ ព្រះរាជបុត្រី គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ ដែលជាដួងព្រលឹងជាតិ ហើយដែលមួយជីវិតរបស់ព្រះអង្គ ព្រះអង្គព្រះអង្គតែងតែយកចិត្តទុកដាក់ និងលះបង់ខ្ពស់ដល់ការថែរក្សាកេរមរតកវប្បធម៌ ប្រពៃណីនៃរបាំព្រះរាជទ្រព្យ និងជាពិសេស ព្រះអង្គតែងតែបាននាំយកវប្បធម៌ដ៏មហស្ចារ្យរបស់កម្ពុជាទាំងនេះ ផ្សព្វផ្សាយឲ្យល្បីរន្ទឺនៅទូទាំងសកលលោក។

យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអនុវត្តតាមព្រះរាជបណ្តាំរបស់ព្រះអង្គ និងសូមប្តេជ្ញារួមថែរក្សាកេរមរតកវប្បធម៌ប្រពៃណីខ្មែរឲ្យស្ថិតស្ថេរគង់់វង្សតរៀងទៅ ហើយរួមចំណែកធ្វើអោយវិស័យនេះរឹតតែមានភាពរីកលូតលាស់ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានយោនយោគសោយសុខក្នុងទីឋានសុគតិភព និងព្រះបរមសុខគ្រប់ព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ។ ដោយ៖ Jimmy

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង