Forter6-IM BOOST FORCE

ថ្ងៃនេះត្រឡប់ទៅកាន់ ១៨ ឆ្នាំមុន! សហរដ្ឋអាមេរិក កំពុងត្រូវបានវាយប្រហារភេរវកម្មជាប្រវត្តិសាស្រ្តដ៏ធំមិនអាចបំភ្លេចបានឡើយ ដែលត្រូវបានគេស្គាល់ថាជាព្រឹត្តិការណ៍ “៩/១១”

TNM(សហរដ្ឋអាមេរិក)៖ សហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចដ៏ធំមួយនៅលើសកលលោក ដែលត្រូវទទួលរងការវាយប្រហារភេរវកម្មជាប្រវត្តិសាស្រ្តនៅក្នុងទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន នាវេលាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលសុទ្ធសឹងតែជារដ្ឋធានីសំខាន់ៗរបស់សហរដ្ឋអាមេរិក ទាំងវិស័យសេដ្ឋកិច្ច ក៏ដូចជាផ្នែកនយោបាយ។ អ្វីដែលពិសេសនោះ ចំពោះការប៉ុនប៉ងវាយប្រហារក្នុងដែនដីសហរដ្ឋអាមេរិកនាពេលនោះ ត្រូវបានក្រុមអាល់កៃដា បានរៀបគម្រោងឡើងតាំងពីប្រមាណជិតរយៈពេល ១០ ឆ្នាំមកម៉្លេះ ដែលអ្នកផ្តើមគំនិតធំបំផុតក្នុងកិច្ចរៀបចំផែនការប្រតិបត្តិការភេរវកម្មនេះ គឺលោក Khalid Sheikh Mohammed ដែលនឹងត្រូវកាត់ទោសប្រហារជីវិតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះហើយ។ លោកមានដើមកំណើតនៅប្រទេសប៉ាគីស្ថាន ហើយលោកបានបញ្ចប់ការសិក្សាផ្នែកវិស្វករមេកានិចនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៦។

ក្រោយអំពីបញ្ចប់ការសិក្សាភ្លាម លោកបានចាកចេញពីសហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានវិញ ដើម្បីចូលរួមជាមួយនឹងអង្គការបដិវត្តអ៊ីស្លាមមានឈ្មោះហៅថា Mojahedin ក្នុងគោលបំណងធ្វើសង្រ្គាមជាមួយយោធាសហភាពសូវៀតនៅប្រទេសអាហ្កានីស្ថានផ្ទាល់តែម្តង។ ចំពោះគម្រោងប្រតិបត្តិការភេរវកម្មដ៏ធំរបស់លោក Khalid Sheikh Mohammed គឺស្ថិតក្នុងគម្រោងការណ៍លោកត្រូវតែចាប់ពង្រត់យន្តហោះដឹកអ្នកដំណើរ ដើម្បីបើកហោះទៅបុកឲ្យចំណុចអគារដែលបានគ្រោងទុកចំកណ្តាលរដ្ឋធានីសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ១៩៩៦ លោកបានបង្ហាញគម្រោងការណ៍នោះទៅកាន់លោក Osama Bin Laden ក៏ប៉ុន្តែលោក Osama Bin Laden មិនខ្វល់ខ្វាយសោះឡើយ ដោយសារតែក្រុមអាល់កៃដានាពេលនោះ កំពុងតែឆ្លងកាត់អន្តរកាលមួយ ដែលត្រូវបានគេបណ្តេញចេញពីប្រទេសស៊ូដង់ ហើយត្រូវមកបង្កើតទីតាំងថ្មីនៅក្នុងប្រទេសអាហ្គានីស្ថានទៅវិញ។

អ្វីដែលពិសេសនោះ ស្ថានការណ៍របស់ក្រុមអាល់កៃដា បានធូរស្បើយច្រើនហើយនោះ ស្ថិតក្នុងឆ្នាំ១៩៩៨ លោក Osama Bin Laden បានចេញមុខជាសាធារណៈប្រកាសសង្រ្គាមជាមួយសហរដ្ឋអាមេរិក ព្រមទាំងចាប់ផ្តើមបើកការវាយប្រហារលើស្ថានទូតអាមេរិកចំនួន ២ កន្លែង ក្នុងប្រទេសកេនយ៉ា និងតង់សានីទៀតផង ដែលត្រូវបានគេដឹងថាលោកបានព្រមព្រៀងចាប់ផ្តើមអនុវត្តផែនការវាយប្រហារភេរវកម្មរបស់លោក Khalid Sheikh Mohammed នៅសហរដ្ឋអាមេរិកច្បាស់ណាស់។ លោក Khalid Sheikh Mohammed ក៏បានចាប់ផ្តើមរើសក្រុមអ្នកស្ម័គ្រចិត្តធ្វើជាភេរវជនអនុវត្តផែនការនោះតែម្តង។ ក្នុងនោះដែរ អ្នកត្រូវបានជ្រើសរើសនោះ សុទ្ធសឹងតែជាអ្នកដែលទទួលបានការអប់រំខ្ពស់ យល់អំពីវប្បធម៌ ក៏ដូចជារបៀបរស់នៅតំបន់លោកខាងលិច អាចនិយាយភាសាអង់គ្លេសទៀតផង ដើម្បីងាយស្រួលក្នុងការសុំទិដ្ឋាការទៅកាន់សហរដ្ឋអាមេរិក។

ក្រុមភេរវជនជ្រើសរើសមួយចំនួន បានកំពុងតែសិក្សានៅឡើយ ហើយនៅក្នុងខែធ្នូ ឆ្នាំ២០០០ ពួកគេទាំងអស់បានបញ្ចប់វគ្គសិក្សាជាស្ថាពរ និងប្រមាណជា ៣ សប្តាហ៍មុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មកដល់ ពួកគេក៏ទទួលបានបញ្ជាអំពីគោលដៅវាយប្រហារ គឺស្ថិតចំអគារភ្លោះ World Trade Center ដែលជាបេះដូងសេដ្ឋកិច្ច មន្ទីរបញ្ចកោណ ដែលជាបេះដូងអំណាចយោធា និងវិមានកាពីតូលអាមេរិក ដែលជាបេះដូងអំណាចនយោបាយរបស់សហរដ្ឋអាមេរិក ហើយក្រុមភេរវជនទាំងនោះ ត្រូវបានបែងចែកចេញជា ៤ ក្រុម ក្នុងក្រុមនីមួយៗសុទ្ធតែមានអ្នកជំនាញបើកយន្តហោះ ដើម្បីធ្វើដំណើរតាមផ្លូវអាកាសវាយប្រហារទៅលើតំបន់សំខាន់ៗទាំងអស់នោះ។

សហរដ្ឋអាមេរិក ត្រូវចំណាយរយៈពេលអស់ ១០ ឆ្នាំ ទើបអាចស្វែងរក និងសម្លាប់លោក Osaman Bin Laden បានសម្រេចជោគជ័យនៅក្នុងជំនាន់ប្រធានាធិបតីលោក Barack Obama។ ក្នុងហេតុការណ៍នេះដែរ មានមនុស្សស្លាប់ប្រមាណជា ២,៩៩៦ នាក់ និងជាង ៦,០០០ នាក់ទៀតរងរបួស កុមារប្រមាណជាង ៣,០០០ នាក់ បាត់បង់ឪពុកម្តាយក្លាយជាក្មេងកំព្រា។ មិនត្រឹមតែប៉ុណ្ណោះទេ ព្រឹត្តិការណ៍នោះក៏បានធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ទឹកប្រាក់ប្រហែលខ្ទង់ ១០ ពាន់លានដុល្លារអាមេរិក។

គួរជម្រាបផងដែរថា បន្ទាប់ពីការវាយប្រហារភេរវកម្មក្នុងឆ្នាំ២០០១ ដែលត្រូវបានគេស្គាល់ថាវាជាព្រឹត្តិការណ៍ “៩/១១” រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការសម្រេចចិត្តរារាំងភេរវករក្នុងការវាយប្រហារនោះតាមរយៈគ្រប់មធ្យោបាយ និងគ្រប់ទីកន្លែង។ ការប្តេជ្ញាចិត្តនោះ គឺជាពេលវេលាមួយឲ្យមានការរិះគិតហួសហេតុអំពីការជ្រៀតជ្រែកសិទិ្ធរបស់ប្រជាពលរដ្ឋចំពោះសេរីភាពនយោបាយ សង្គម និងសមភាព។ ប្រជាជនគ្រប់គ្នា ដែលចូលក្នុងយន្តហោះ ត្រូវតែមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ព្រោះសូម្បីតែស្បែកជើងរបស់ពួកគេក៏ត្រូវបានលាក់ទុករំសេវផ្ទុះបានផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា វាបានធ្វើឲ្យជនជាតិអាមេរិក មានការធុញទ្រាន់ដោយសារការឈ្លានពានចូលទៅក្នុងជីវិតឯកជនរបស់ពួកគេ ជាពិសេសកាលពីឆ្នាំ ២០១៣ ការហៅទូរស័ព្ទ និងអ៊ីម៉ែលរបស់ពួកគេ គឺស្ថិតក្រោមការឃ្លាំមើលយ៉ាងសម្ងាត់ដោយភ្នាក់ងារស៊ើបអង្កេតទៀតផង។ ការបង្ក្រាបអំពើភេរវកម្មបានធ្លាក់ចុះទៅហើយ នៅឡើយការព្រួយបារម្ភលើភាពជាឯកជនត្រូវបានកើនឡើងជាបន្តបន្ទាប់នាពេលនោះ៕
អត្ថបទដោយ៖ ដេត ដាវីត

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង