Forter6-IM BOOST FORCE

តោះ! មកមើលប្រវត្តិរបស់មេដឹកនាំផ្តាច់ការហ្ស៊ីមបាវ៉េ លោក រ៉ូបឺត មូកាបេ ដែលទើបនឹងទទួលមរណភាពកាលពីម្សិលមិញនេះក្នុងវ័យ ៩៥ ឆ្នាំ

TNM (ប្រទេសហ្ស៊ីមបាវ៉េ)៖ បើយោងទៅតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើន នារសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា អតីតប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ លោក រ៉ូបឺត មូកាបេ (Robert Mugabe) ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំដ៏ខ្លាំងក្លា អាចកាន់អំណាចបានយូរបំផុតប្រចាំទ្វីបអាហ្វ្រិក ប៉ុន្តែជាការសោកស្តាយបន្ទាប់ពីបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរីអស់ជាច្រើនខែ នៅទីបំផុតរូបលោកបានទទួលមរណភាពហើយក្នុងអាយុ ៩៥ ឆ្នាំ។

គួររំលឹកផងដែរថា លោក រ៉ូបឺត មូកាបេ គឺត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធាដ៏ធំមួយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកដោយបញ្ចប់ការកាន់អំណាចអស់រយៈពេល ៣ ទសវត្សរ៍របស់លោកមក។ លោកបានឈ្នះការបោះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីលើកដំបូងនៅឆ្នាំ១៩៨០ ក្នុងប្រទេសហ្ស៊ីមបាវ៉េ ក្រោយអំពីការទទួលបានឯករាជ្យភាព។ ស្ថិតក្នុងឆ្នាំដំបូងៗជានាយករដ្ឋមន្រ្តីរបស់លោក ត្រូវបានគេកោតសរសើរចំពោះការពង្រីកលទ្ធភាពទទួលបានការថែទាំសុខភាពសាធារណៈ ក៏ដូចជាវិស័យសិក្សាអប់រំសម្រាប់ជនជាតិស្បែកខ្មៅ ក៏ប៉ុន្តែកម្មវិធីកំណែទម្រង់ដីធ្លីរបស់លោក បានធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសដួលរលំមួយពព្រិចភ្នែក និងនៅឆ្នាំចុងក្រោយរបស់លោក គឺត្រូវគេបានកត់សម្គាល់ឃើញថាជាការរំលោភបំពានសិទ្ធិមនុស្ស និងអំពើពុករលួយរបស់លោក។

ជាងនេះទៅទៀត អតីតប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េរូបនេះ មានភាពលេចធ្លោខ្លាំងក្នុងចលនាឯករាជ្យ បានទទួលជ័យជម្នះដ៏លើសលប់នៅក្នុងការបោះឆ្នោតលើកដំបូងរបស់សាធារណរដ្ឋហ្ស៊ីមបាវ៉េ ដោយឡែកក្នុងរយៈពេលជាងមួយទសវត្សរ៍ នៃការកាន់កាប់អំណាចរបស់លោក ត្រូវបានតំបន់អន្តរជាតិយល់ឃើញការគ្រប់គ្រងរបស់លោកមានការកើនឡើង នូវពាក្យសម្តីរិះគន់ជាច្រើនថា លោក រ៉ូបឺត មូកាបេ ជាមេដឹកនាំផ្តាច់ការមួយរូប។

ក្នុងនោះដែរ លោកក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារអស់រយៈពេលជាងមួយទសវត្សរ៍ ដោយគ្មានការជំនុំជម្រះឡើយក្រោយពីមានការរិះគន់ទៅលើរដ្ឋាភិបាលរបស់ Rhodesia ក្នុងឆ្នាំ១៩៦៤ បន្ទាប់មកក្នុងឆ្នាំ១៩៧៣ ស្របពេលដែលលោកកំពុងជាប់ពន្ធនាគារ លោកគឺត្រូវបានជ្រើសរើសធ្វើជាប្រធានសហព័ន្ធជាតិអាហ្វ្រិក-ហ្ស៊ីមបាវ៉េ ដែលលោកជាសមាជិកស្ថាបនិកផ្ទាល់តែម្តង។ ពេលដែលរូបលោកត្រូវបានគេដោះលែង លោកបានប្រកាន់ជំហរសកម្មប្រយុទ្ធ ដោយធ្វើដំណើរឆ្ពោះទៅប្រទេស Mozambique និងដឹកនាំការវាយឆ្មក់ទ័ពព្រៃចូលទៅក្នុងប្រទេស Rhodesia អ្វីដែលពិសេសនោះ គឺលោកក៏ត្រូវបានគេមើលឃើញថាជាអ្នកចរចាជំនាញផងដែរ។ ស្ថិតនៅក្នុងឆ្នាំ ២០០០ លោកបានប្រឈមមុខនឹងការប្រឆាំងនយោបាយធ្ងន់ធ្ងរជាលើកទី១ ដោយលោកបានរឹបអូសកសិដ្ឋាន ដែលគ្រប់គ្រងដោយជនជាតិស្បែកស ក្នុងគោលបំណងផ្តល់ទីលំនៅជាថ្មីទៅឲ្យកសិករស្បែកខ្មៅ ដែលបង្កការរំខានដល់សេដ្ឋកិច្ចជាខ្លាំង ប៉ុន្តែសកម្មភាពទាំងនោះ ត្រូវបានទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្រទាំងឡាយ។ ចំពោះសម័យកាលកាប់កាន់ប្រទេសរបស់រូបលោក មានកងជីវពលជាច្រើន ដែលគាំទ្ររូបលោកបានប្រើប្រាស់អំពើហិង្សាឃោរឃៅព្រៃផ្សៃ ដូចជាការវាយប្រហារទៅលើក្រុមអ្នកប្រឆាំង ហើយបានធ្វើឲ្យគូប្រជែងទាំងឡាយរបស់លោក បានធ្វើការដកខ្លួនចេញ និងលោកនៅបន្ដតំណែងជានាយករដ្ឋមន្ត្រីជាយូរឆ្នាំមកនេះ។ អ្វីដែលជាគួរសោកស្តាយបំផុតនោះគឺ ក្នុងកំឡុងពេលការកាន់កាប់អំណាចរបស់លោក ធ្វើឲ្យកើតមានអត្រាលុយធ្លាក់ចុះ និងអត្រាអ្នកអត់ការងារធ្វើដល់ទៅ ៨០ ភាគរយ ធនធានធម្មជាតិក៏ថយចុះជាបន្តបន្ទាប់ ដែលជាមូលហេតុធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនលំបាកយ៉ាងខ្លាំង៕ ដោយ៖ ដេត ដាវីត

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង