តើចង់បានអ្វីទៀត? ក្រុមបាតុករនៅទីក្រុងហុងកុង បានប្តេជ្ញាចិត្តថានឹងត្រឡប់មករំខានសន្តិសុខតាមដងផ្លូវវិញ ខណៈពេលដែលសេចក្តីព្រាងច្បាប់ ស្តីពី បត្យាប័នត្រូវបានដកចេញជាផ្លូវការទៅហើយនោះ

TNM (ប្រទេសចិន)៖ បើយោងទៅតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានឯករាជ្យ ដែលបានចុះនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះបានឲ្យដឹងយ៉ាងច្បាស់ការណ៍ថា ក្រុមបាតុករជាច្រើននៅទីក្រុងហុងកុង បានធ្វើការប្តេជ្ញាចិត្តថានឹងត្រឡប់មករំខានសន្តិសុខតាមដងផ្លូវ លុះត្រាតែខ្លួនទទួលបានការទាមទារទាំងស្រុងវិញ ដែលត្រូវបានឆ្លើយតបក្រោយពីសេចក្តីស្នើច្បាប់ ស្តីពី បត្យាប័ន ត្រូវបានដកចេញជាផ្លូវការ។ ចំពោះការដកសេចក្តីស្នើច្បាប់នេះ បានឆ្លើយតបនឹងការទាមទារបានត្រឹមតែមួយចំណុចតូចតែប៉ុណ្ណោះ ស្ថិតក្រោមចំណុចសំខាន់ៗដទៃទៀតរបស់ក្រុមបាតុករ ក៏ប៉ុន្តែក្រុមសកម្មជនមួយចំនួន បានធ្វើការប្តេជ្ញាចិត្តនៅតែបន្តធ្វើបាតុកម្មនេះរហូតដល់រដ្ឋាភិបាលទីក្រុងហុងកុង បំពេញការទាមទាររបស់ខ្លួនបានទាំងស្រុងសិន ទើបបាតុកម្មអាចបញ្ចប់ទៅដោយសន្តិវិធី។

លើសពីនេះទៅទៀតនោះ ក្រុមអ្នកតវ៉ាមួយចំនួនធំ បានធ្វើការស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យខ្ពស់ សម្រាប់ការចោទប្រកាន់ពីការប្រព្រឹត្តអំពើហិង្សាសាហាវឃោរឃៅរបស់ក្រុមប៉ូលីសស្ថិតក្នុងកំឡុងពេលសកម្មភាពបាតុកម្ម ការដោះលែងបាតុករទាំងអស់ដោយគ្មានលក្ខខណ្ឌមកវិញ ការលុបចោលពាក្យថាកុបកម្មទៅជាបាតុកម្ម និងការទាមទារចុះក្រោយនោះ គឺបើកសិទ្ធិឲ្យប្រជាជនហុងកុងទាំងមូល អាចជ្រើសរើសមេដឹកនាំដោយខ្លួនឯង។

សូមបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា ប្រមុខដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានមានប្រសាសន៍នាពេលថ្មីៗនេះថា ចំពោះការសម្រេចដកសេចក្តីស្នើច្បាប់ធ្វើបត្យាប័នទៅចិនដីគោកពីទឹកដីពាក់កណ្តាលស្វយ័តរបស់ចិននេះ ជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរបស់លោកស្រី ដែលមិនមែនជាការបង្គាប់បញ្ជារបស់ប្រទេសចិនឡើយ។ ម្យ៉ាងវិញទៀត ប្រមុខដឹកនាំទីក្រុងហុងកុងរូបនេះ ក៏បានបន្តទៅទៀតថា រដ្ឋាភិបាលរបស់លោកស្រី គឺមិនអាចគោរពតាមការទាមទារដ៏ហួសហេតុរបស់ក្រុមបាតុករទាំងនោះបានជាដាច់ខាត៕ ដោយ៖ ដេត ដាវីត

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង