មេបក្សប្រឆាំងវ៉េណេស៊ុយអេឡាដ៏ធំ និងបក្សពួករបស់លោក បានប្រឈមនឹងការចោទប្រកាន់អំពើបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលធ្វើឲ្យមានវិបត្តិកើតឡើងដោយហេតុផលនយោបាយ

TNM (ប្រទេសវ៉េណេស៊ុយអេឡា)៖ បើយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នាវេលាព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា រដ្ឋាភិបាលស្របច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡា បានស្នើឲ្យមានការបើកការស៊ើបអង្កេតលើមេបក្សប្រឆាំងលោក Juan Guaido ក៏ដូចជាបក្សពួកលោក ស្ថិតក្រោមការសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយការធ្វើទុកបុកម្នេញឲ្យមានវិបត្តិដោយហេតុផលនយោបាយ។ ស្ថិតក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានធ្វើការបង្ហាញជាសាធារណៈអំពីខ្សែអាត់សំឡេងក្នុងកិច្ចសន្ទនាតាមរយៈប្រព័ន្ធទូរស័ព្ទ រវាងមនុស្សជំនិតរបស់លោក Juan Guaido ផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះដែរ ចំពោះខ្សែអាត់សំឡេងរបស់អ្នកទាំងពីរ គឺលោក Manuel Avendano និងលោកស្រី Vanessa Neumann បានធ្វើការជជែកគ្នាអំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរគោលជំហររបស់ប្រទេសវ៉េណេស៊ុយអេឡាក្នុងពេលបច្ចុប្បន្នទាក់ទងនឹងជម្លោះទឹកដីជាមួយនឹងប្រទេស Guyana ក្នុងបញ្ហាទាមទារតំបន់ Essequibo ដែលតំបន់នោះ គឺស្ថិតក្រោមដែនសមត្ថកិច្ចរបស់ប្រទេស Guyana។ ម្យ៉ាងទៀត លោកស្រី Vanessa Neumann ត្រូវបានលោកស្រីអនុប្រធានាធិបតីវ៉េណេស៊ុយអេឡា ចោទប្រកាន់ថា បាននឹងកំពុងធ្វើការឲ្យក្រសួងការពារជាតិអាមេរិក ហើយបានបញ្ជាក់ច្បាស់ទៀតថា ប្រទេសវ៉េណេស៊ុយអេឡា គឺចាំបាច់ណាស់ត្រូវតែដកការទាមទាររបស់ខ្លួនចេញពីតំបន់ Essequibo មកវិញ ពីព្រោះតែតំបន់នោះមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឡើយ។

ជាមួយគ្នានេះដែរ លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ទើបនឹងស្នើដល់រដ្ឋអាជ្ញាឯករាជ្យរបស់ប្រទេសវ៉េណេស៊ុយអេឡា ធ្វើការបើកការស៊ើបអង្កេតទៅលើបទល្មើសមួយចំនួនទៀត ដែលអាចត្រូវបានប្រព្រឹត្តដោយមេបក្សប្រឆាំងលោក Juan Guaido។ ក្នុងនោះដែរ គិតចាប់តាំងពីដើមឆ្នាំ២០១៩ ប្រទេសវ៉េណេស៊ុយអេឡា បានធ្លាក់ចូលក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ អំឡុងពេលដែលលោក Juan Guaido បានប្រកាសថាខ្លួនលោកជាប្រធានាធិបតីទី២ ហើយបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិកជាពិសេស ស្របពេលដែលសេដ្ឋកិច្ចក្នុងប្រទេសកំពុងធ្លាក់ចុះយ៉ាងដុនដាបបំផុត៕ ដោយ៖ ដេត ដាវីត

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង