Forter6-IM BOOST FORCE

បទវិភាគ៖ ហេតុអ្វីបានជាប្រទេសមួយចំនួនប្រកាន់យករបបប្រជាធិបតេយ្យ ប៉ុន្តែទទួលបរាជ័យ?

(TNM)៖ មនុស្សនៅលើសកលលោកយើងនេះ មិនថាអ្នកនោះជាសញ្ជាតិអ្វីនោះទេ ពួកគេរមែងតែត្រូវការជាចាំបាច់ នូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់នៅក្នុងប្រទេស ឬរដ្ឋរបស់ពួកគេដែលកំពុងតែរស់នៅស្នាក់អាស្រ័យផ្ទាល់។ ក្នុងនោះដែរ ការគ្រប់គ្រងរបស់ប្រទេសនីមួយៗ ក៏តែងតែមានលក្ខណៈខុសៗ គ្នាផងដែរ អាស្រ័យទៅលើសមត្ថភាពរបស់អ្នកដឹកនាំ ក៏ដូចជាកត្តាផ្សេងៗទៀតជាច្រើន។ តាមការសង្កេតតាមដានមើលអស់រយៈកាលជាច្រើនឆ្នាំមកហើយនោះ វាបានបង្ហាញឲ្យដឹងថា មនុស្សទូទៅ គឺពេញចិត្តជាខ្លាំង នូវការគ្រប់គ្រងប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ព្រោះពួកគេគិតថា របបមួយនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់សង្គមរបស់ពួកគេ ដោយអាចប្រើប្រាស់សិទ្ធិ និងអំណាចស្នើៗគ្នាគ្រប់បែបយ៉ាងឲ្យត្រឹមត្រូវ និងស្របតាមច្បាប់។ ថ្វីត្បិតតែលទ្ធិប្រជាធិបតេយ្យ គឺជាលទ្ធិមួយដែលល្អប្រសើរពិតមែន ប៉ុន្តែនៅតែមានប្រទេសមួយចំនួនទទួលបរាជ័យរួមមានដូចជា ប្រទេសអាល្លឺម៉ង់ កូរ៉េខាងជើង និងអ៊ឺរ៉ាក់ ជាដើម។

ហេតុអ្វីបានជាប្រទេសមួយចំនួនប្រកាន់យករបបប្រជាធិបតេយ្យ ប៉ុន្តែទទួលបរាជ័យ?

បានជាប្រទេសខ្លះកាន់របបប្រជាធិបតេយ្យ ប៉ុន្តែទទួលបរាជ័យ ព្រោះតែកត្តាទាំង ៤ យ៉ាងខាងក្រោមនេះ រួមមានដូចជា៖

• កត្តាអ្នកដឹកនាំ៖ នៅក្នុងប្រទេសមួយ ស្ថិតក្នុងនាមជាប្រទេសដែលប្រកាន់យក នូវរបបប្រជាធិបតេយ្យដោយប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹងទៅលើរបបនោះ ក៏ប៉ុន្តែអ្នកដឹកនាំវិញមិនមានឆន្ទៈ សកម្មភាពក្នុងការគោរព ឬអនុវត្តទៅតាមនីតិវិធីក្នុងការប្រកាន់យក នូវរបបនោះឡើយ ដោយមានការគាបសង្កត់ ជិះជាន់ មិនគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ឬក៏មិនទទួលយកគំនិត និងមតិសាធារណៈជាគោលគំនិតក្នុងការពិចារណា និងសម្រេចទៅលើអ្វីមួយនោះឡើយ ឬមិនយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងការពង្រីកវិសាលភាពសេវាសាធារណៈ ទើបបណ្តាលឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ឬរដ្ឋមួយនោះមានការខឹងសម្បាយ៉ាងខ្លាំង និងមិនពេញចិត្តក្នុងការដឹកនាំគ្រប់គ្រងរបស់អ្នកដឹកនាំខ្លួននោះទេ ដែលវាបានធ្វើឲ្យពួកគេទាំងអស់គ្នា មានការងើបឡើងប្រឆាំង ក៏ដូចជាការធ្វើរដ្ឋប្រហារផ្តួលរលំរបបនោះតែម្តងទៅ។

• កត្តាភូមិសាស្រ្ត៖ នៅក្នុងប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសទាំងឡាយ ប្រកាន់យករបបក្រៅអំពីលទ្ធិប្រជាធិបតេយ្យ ដែលបណ្តាលឲ្យមានទំនាក់ទំនងការទូត សេដ្ឋកិច្ច ក៏ដូចជាទំនាក់ទំនងលើវិស័យផ្សេងៗទៀត មិនសូវទំនងជាល្អប្រសើរ ឬស្និទ្ធស្នាលជាមួយនឹងប្រទេស ដែលស្ថិតនៅជុំវិញខ្លួននោះទេ នោះវានឹងធ្វើឲ្យមានការផ្លាស់ប្តូរ នូវរបបឲ្យស្របទៅតាមប្រទេស ឬរដ្ឋទាំងនោះ គឺក្នុងគោលបំណងដើម្បីធ្វើការបង្កើនចំណងមិត្តភាព សន្តិភាព ស្ថិរភាពដ៏រឹងមាំ និងផលប្រយោជន៍ផ្សេងៗ ដែលនឹងកើតមាននៅក្នុងពេលបច្ចុប្បន្ន និងអនាគតទាំងនៅទីក្រុង ជនបទ និងតាមតំបន់ព្រំដែន ព្រោះបើមិនផ្លាស់ប្តូរដូច្នោះទេ ប្រទេស ឬរដ្ឋនោះអាចនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ឬផលអាក្រក់ផ្សេងៗ កើតមានឡើងចំពោះខ្លួនយ៉ាងពិតប្រាកដផងដែរ។

• កត្តាប្រវត្តិសាស្រ្ត៖ នៅក្នុងភាពជាអតីតកាល នៃប្រទេសមួយមិនដែលមានបទពិសោធន៍ប្រកាន់យករបបប្រជាធិបតេយ្យដើម្បីកសាងមាតុភូមិឲ្យមានភាពរីកចម្រើនឡើយ ប៉ុន្តែក្រឡេកមើលមកក្នុងពេលបច្ចុប្បន្ននេះ បែរជាសម្រេចចិត្តប្រកាន់យករបបប្រជាធិបតេយ្យនោះ ទាំងដែលខ្លូនមិនភាពប្រាកដប្រជាក្នុងការបម្រើជាតិច្បាស់ក្នុងលទ្ធិនោះ ដែលវាអាចនឹងធ្វើឲ្យការគ្រប់គ្រងរបស់មេដឹកនាំក្នុងប្រទេស ឬរដ្ឋនោះមិនសូវជាទទួលបានផ្លែផ្កា និងភាពជឿនលឿនទៅមុខល្អប្រសើរឡើយ ដោយសារតែតំណពូជ នៃការគ្រប់គ្រងនៅក្នុងប្រទេស ឬរដ្ឋមួយនោះឲ្យបានរីកចម្រើនក្នុងរបបផ្សេងក្រៅពីរបបប្រជាធិបតេយ្យ ដែលបង្កឲ្យរបបប្រជាធិបតេយ្យនៅក្នុងប្រទេស ឬរដ្ឋមួយនោះ ច្បាស់ជាមានភាពទន់ខ្សោយ និងខ្វះការគាំទ្រពីប្រជាពលរដ្ឋជាមិនខាននោះឡើយ។

• កត្តាប្រជាពលរដ្ឋ៖ កត្តាអ្នកដឹកនាំ កត្តាភូមិសាស្រ្ត និងកត្តាប្រវត្តិសាស្រ្ត បានបង្កើតឲ្យមានកត្តាប្រជាពលរដ្ឋ ដែលជាចំណែកនៃកត្តាមួយដ៏សំខាន់ផងដែរ ក្នុងការបរាជ័យ នៃរបបប្រជាធិបតេយ្យក្នុងហេតុផលជាច្រើនដែលមិនត្រូវបានគេរំពឹងទុក។ ការមិនជួយដោះស្រាយទុក្ខលំបាក ការមិនគោរពបំណងប្រាថ្នា និងការមិនស្តាប់ទៅលើផ្នត់គំនិតរបស់ពួកគេ វាបានធ្វើឲ្យពួកគេគិតថាការប្រកាន់របបប្រជាធិបតេយ្យក្នុងប្រទេសរបស់ពួកគេមិនមានលក្ខណៈពិតប្រាកដ។ ម្យ៉ាងទៀត ការប្រមើលមើលឃើញរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៏ប្រទេសរបស់ពួកគេឲ្យរីកចម្រើនជឿនលឿន គឺមិនមែនជារបបប្រជាធិបតេយ្យនោះទេ ទើបបណ្តាលឲ្យមានការផ្លាស់ប្តូរក្នុងរយៈពេលណាមួយ។

អត្ថបទដោយ៖ ដេត ដាវីត

យើងខ្ញុំធ្វើការឆ្លើយនូវសំណួរមួយនេះ គ្រាន់តែជាការជំនួយស្មារតីទាក់ទងអំពីចំណេះដឹងទូទៅបន្តិចបន្តួចសម្រាប់ទុកឲ្យអ្នកសិក្សាជំនាន់ក្រោយៗ ធ្វើការសិក្សារស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមទៀតនាពេលអនាគតតែប៉ុណ្ណោះ។ យើងខ្ញុំរង់ចាំទទួលការផ្តល់មតិយោបល់ ក៏ដូចជាការរិះគន់ ដើម្បីស្ថាបនាអំពីសំណាក់លោកអ្នកអានទាំងឡាយដោយក្តីសោមនស្សរីករាយក្រៃលែង៕

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង