ត្រូវរំលឹកខ្លួនឯង…

ជីវិត​មិនមែន​រស់នៅ​ដើម្បី​តែ​ភាព​សមបំណង​តែ​ម្យ៉ាង​ទេ​ ​ប៉ុន្តែ​វា​ត្រូវ​រស់នៅ​ដើម្បី​សាកល្បង​ទប់​ជំហរ​របស់​ខ្លួន​សូម្បីតែ​នៅក្នុង​ពេល​ដែល​ខកបំណង​ខ្លាំង​បំផុត​ក៏ដោយ​។​ ​ពេល​មានរឿង​សប្បាយ​គ្រាន់តែ​ញញឹម​ទទួលយក​ ​ពេល​មានរឿង​លំបាក​គ្រាន់តែ​ញញឹម​ដើម្បី​ឆ្លងកាត់​។​ ​ជីវិត​អាច​បញ្ចប់​មុន​ពេលថ្ងៃ​ស្អែក​មកដល់​ ​ប៉ុន្តែ​មិនបាច់​បារម្ភ​ទេ​ ​រស់នៅ​ក្នុង​ពេលឥឡូវនេះ​ឱ្យ​តែ​ល្អ​ ​ពិនិត្យ​ដង្ហើម​ដកចេញ​ចូល​នៅ​ខណៈនេះ​ឱ្យ​តែ​ល្អ​។​ ​ខ្យល់​ដង្ហើម​ដក​ដោយ​ស្ងៀមស្ងាត់​ ​ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ជីវិត​បន្ត​រស់​បាន​។​ ​សំឡេង​ស្រែក​ហូរ​កញ្ជ្រៀវ​នៅពេល​ខ្លះ​វា​បែរជា​បំផ្លាញ​ជីវិត​ទៅវិញ​។​ ​

​កុំ​ឈ្លក់​នឹង​ពាក្យ​សរសើរ​ជ្រុល​ពេក​ ​ហើយក៏​កុំ​សោកសៅ​នឹង​ពាក្យ​និន្ទា​រហូត​គេង​មិន​លក់​។​ ​ឥតមាន​នរណា​នឹង​មក​សរសើរ​យើង​រហូត​ឡើយ​ ​ហើយក៏​ឥតមាន​នរណា​ម្នាក់​នឹង​នៅតែ​ចាំ​និន្ទា​យើង​រហូត​ដូចគ្នា​។​ ​បើ​មាន​មែន​ ​ពួកគេ​នោះ​គឺ​ចំណាយពេល​ឥតប្រយោជន៍​ច្រើនពេក​ហើយ​។​ ​ដំណើរ​ជីវិត​ឥត​ពន្យា​ពេល​សម្រាប់​ឱ្យ​យើង​ចោទ​ឆ្លើយនឹង​អ្នកដទៃ​ទេ​ ​ប៉ុន្តែ​គឺ​ចោទ​ឆ្លើយនឹង​ខ្លួនឯង​។​ ​យើង​ជា​អ្នក​ស្វែងរក​ចម្លើយ​ ​ហើយ​ចម្លើយ​គឺ​មាននៅ​ក្នុង​ខ្លួន​យើង​នេះឯង​។​ ​បើ​យើង​ចេះ​បង្កើត​សំណួរ​ត្រឹមត្រូវ​ដើម្បី​ចោទសួរ​សំណួរ​មក​ខ្លួនឯង​ ​នោះ​យើង​នឹង​ទទួល​បាន​ចម្លើយ​ត្រឹមត្រូវ​ត្រឡប់ទៅវិញ​។​ ​

នៅក្នុង​ថ្នាក់រៀន​ ​សិស្ស​ពូកែ​គឺ​សិស្ស​ដែល​អាច​ឆ្លើយនឹង​សំណួរ​ដែល​គ្រូ​បាន​ចោទសួរ​។​ ​មនុស្ស​សរសើរ​ថា​យើង​ឆ្លាត​ ​នៅពេល​យើង​អាច​ឆ្លើយ​សំណួរ​របស់​គេ​បាន​ត្រឹមត្រូវ​ ​ប៉ុន្តែ​មនុស្ស​ខ្លះ​មិន​ទទួលយក​ចម្លើយ​ត្រឹមត្រូវ​ ​តាម​ភាព​ត្រឹមត្រូវ​ទេ​ ​គេ​ចង់បាន​ចម្លើយ​ដែលគេ​រំពឹង​ចង់បាន​ ​ហើយ​បើ​យើង​ឆ្លើយ​ខុសពី​ការគិតទុក​របស់​គេ​ ​យើង​ក៏​ក្លាយទៅជា​មនុស្ស​ល្ងង់​ក្នុង​ការ​គិត​របស់​គេ​ភ្លាម​ក៏​មាន​។​

​ក្នុង​ជីវិត​ពិត​មិន​អ៊ីចឹង​ទេ​ ​យើង​មិនគ្រាន់​តែ​ត្រូវ​ឆ្លើយនឹង​សំណួរ​ដែល​អ្នកដទៃ​ចោទសួរ​មក​យើង​យ៉ាង​ត្រឹមត្រូវ​តែ​ប៉ុណ្ណឹង​នោះ​ឡើយ​ ​គឺ​យើង​ត្រូវ​ចោទសួរ​សំណួរ​ត្រឹមត្រូវ​មកកាន់​ខ្លួនឯង​ជាមុន​ ​ទើប​យើង​អាច​ស្វែងរក​ចម្លើយ​ត្រឹមត្រូវ​ឃើញ​។​ ​នៅក្នុង​ជីវិត​ដ៏​ពេញដោយ​ការប្រកួត​ប្រជែង​នេះ​ ​(​មនុស្សជា​ច្រើន​កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​រស់​ ​ដើម្បី​កិត្តិយស​ ​មុខមាត់​ ​អំណាច​ ​បុណ្យស័ក្ដិ)​ ​ដោយ​សម្រែក​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​។​ ​ប៉ុន្តែ​ចំពោះ​យើង​វិញ​ ​យើង​ត្រូវ​យកឈ្នះ​ភាព​លំបាក​ ​និង​ឧបសគ្គ​ដោយ​ភាព​ស្ងៀមស្ងាត់​.​.​.​។​

__________________________________

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ #ខ្យល់ដង្ហើម តម្លៃ ៣២០០០រៀល អាចស្វែងរកបាននៅតាមបណ្ណាគារផ្សេងៗ ឬទាក់ទងទៅផេក សៀវភៅជីវិត ក៏បាន។ សូមអរគុណ!

រក្សាសិទ្ធិអត្ថបទ៖ កូនចាបមាស

រូបភាព៖ #Pinterest

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង