Forter6-IM BOOST FORCE

ទម្លាប់ទាំង ៧ យ៉ាងដែលអ្នកគួរធ្វើនៅពេលទំនេររបស់អ្នក ដើម្បីភាពជោគជ័យដ៏ប្រសើរ

(TNM)៖ ចំពោះភាពជោគជ័យ គឺមានការចូលរួមផ្សំពីកត្តាផ្សេងៗ ជាច្រើន ប៉ុន្តែមួយក្នុងចំណោមនោះ គឺរបៀបចាត់ចែងពេលវេលារបស់អ្នកក្នុងពេលទំនេរ ។ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សជោគជ័យ អ្នកគួរតែសំឡឹងមើលពីរបៀបដែលអ្នកប្រើប្រាស់ពេលវេលារបស់អ្នកពេលទំនេរឡើងវិញទៅ ។

ដូច្នេះខាងក្រោមនេះ គឺជាទម្លាប់ទាំង ៧ យ៉ាងដែលអ្នកគួរចំណាយពេលធ្វើវា ដើម្បីភាពជោគជ័យដ៏ល្អប្រសើរក្នុងឆាកជីវិត៖

១. ការហាត់ប្រាណ៖ វាល្អសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ បើយោងតាមការសិក្សាស្រាវជ្រាវ មនុស្សដែលហាត់ប្រាណ ៣០ នាទីក្នុងមួយថ្ងៃ ហើយ ៥ ថ្ងៃក្នុងមួយសប្ដាហ៍ នោះអ្នកនឹងមានសុខភាពផ្លូវចិត្តល្អ ដូចជាកាត់បន្ថយស្រ្តេស្ត និងបង្កើនសមត្ថភាពគិត និងមានភាពឆ្នៃប្រឌិត ។ អ្នកជោគជ័យ បានអាស្រ័យលើសុខភាពរបស់អ្នក ។

២. ការកម្សាន្ត៖ អ្នកតែងអង្កេតឃើញថា បុគ្គលជោគជ័យជាច្រើនតែងតែមានជីវិតដ៏គួរឲ្យស្ងប់ស្ងែង។ អ្វីដែលធ្វើឲ្យពួកគេមានជីវិតដ៏ស្រស់បំព្រងនោះ គឺការប្រើប្រាស់ពេលវេលារក្នុងការកម្សាន្តរបស់ពួកគេ ។ ការកម្សាន្ត គឺពិតជាមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយស្ត្រេស្ត និងបង្កើនភាពច្នៃប្រឌិត ។ ដូចនេះ អ្នកគួរឆ្លៀតពេលលំហែខួរក្បាលខ្លះហើយ ។

៣. ការសិក្សារៀនសូត្រ៖ មនុស្សជោគជ័យ គឺជាអ្នកដែលចូលចិត្តរៀនសូត្រ ។ ប្រសិនបើអ្នកចង់ជោគជ័យ រៀនពីអ្វីដែលថ្មីៗដែលស្ថិតនៅជុំវិញខ្លួនអ្នក ។ មនុស្សមួយចំនួនចូលចិត្តរៀនភាសា ប៉ុន្តែមនុស្សមួយចំនួនទៀតចូលចិត្តរៀនពីបច្ចេកវិទ្យាថ្មីៗ ។ អ្នកខ្លះចូលចិត្តរៀនអ្វីដែលមានសារៈសំខាន់សម្រាប់អាជីព ឬអាជីវកម្មរបស់ពួកគេ។

៤. ការធ្វើសមាធិ៖ មានហេតុផលជាច្រើនដែលបង្ហាញថាការធ្វើសមាធិ គឺមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នក ។ប្រសិនបើអ្នកមិនមានពេលទំនេរ អ្នកអាចអង្គុយឲ្យត្រង់ខ្លួនរយៈពេល ២០ នាទីក្នុងមួយថ្ងៃ ដោយបំភ្លេចអ្វីៗ ទាំងអស់រយៈពេល ១០ នាទី។ ការដឹងខ្លួនធ្វើឲ្យអ្នកមានភាពស្ងប់បង្កើតប្រសិទ្ធភាពការងារ បង្កើនភាពច្នៃប្រឌិត និងរក្សាភាពសុខភាពផ្លូវចិត្តរបស់អ្នក ។

៥. ការជួយគ្នា៖ អ្នកគួរតែចំណាយពេលជួយដល់អ្នកដែលក្រខ្សត់ជាងអ្នក ឬសហគមន៍របស់អ្នក។ វាជាវិធីមួយដ៏ល្អជួយកាត់បន្ថយស្រ្តេស្ត និងបង្កើនថាមពល ។ ការជួយអ្នកដទៃធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ។ ការជួយគេមិនចាំបាច់រំពឹងថា ទទួលបានអ្វីមកវិញនោះទេ ប៉ុន្តែច្បាស់ណាស់ថា គេអាចនឹងជួយអ្នកវិញបាន ។

៦. ការអានសៀវភៅ៖ វិធីមួយដើម្បីធ្វើឲ្យអ្នកទទួលបានចំណេះដឹង គឺការអាន ។ មិនថាអ្នកអានការសែត សៀវភៅលើកទឹកចិត្ត ឬសៀវភៅអំពីជីវៈប្រវត្តិរបស់បុគ្គលជោគជ័យនោះទេ អំណានជួយបង្កើនភាពច្នៃប្រឌិត បង្កើនចំណេះដឹង និងបង្កើនការគិតពិចារណារបស់អ្នក ។ បើចង់ធ្វើជាបុគ្គលជោគជ័យ ទាល់តែអ្នកពូកែអានសិន ។

៧. ការចំណាយពេលជាមួយគ្រួសារ៖ ចំណាយពេលសម្រាក ហើយលះបង់ពេលវេលារបស់អ្នកជាមួយមនុស្សដែលអ្នកស្រលាញ់ ។ ក្នុងរយៈពេល ២ ឬ ៣ម៉ោង បំភ្លេចចោលឲ្យអស់នៅអ្វីដែលបានកើតឡើងនៅកន្លែងធ្វើការ ហើយផ្ដល់ភាពរីករាយ និងភាពកក់ក្ដៅដល់មនុស្សដែលអ្នកស្រលាញ់តែម្តង ។

ជាចុងក្រោយនេះ ចំនុចទាំង ៧ ខាងលើ ដូចជា ការហាត់ប្រាណ ការកម្សាន្ត ការរៀនសូត្រ ការធ្វើសមាធិ ការជួយគ្នា ការអានសៀវភៅ ការចំណាយពេលជាមួយគ្រួសារ ពិតជាងាយស្រួលក្នុងការអនុវត្ត និងមិនតម្រូវឱ្យមានការដាក់សម្ពាធលើខ្លួនឡើយ ម្យ៉ាងអ្នកអាចនឹងអនុវត្តរក្សាបានតុល្យភាពជីវិត និងសុខភាពល្អ ក្នុងមួយជីវិតនេះ ៕

ដោយ៖ ដេត ដាវីត

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង