Forter6-IM BOOST FORCE

មូលហេតុចម្បងទាំង ៦ យ៉ាង ដែលធ្វើឲ្យអ្នកបរាជ័យទោះបីខំប្រឹងប្រែងយ៉ាងណាក៏ដោយ

(TNM)៖ មនុស្សមួយចំនួនធំតែងតែគិតថាខ្លួនទទួលភាពបរាជ័យគ្រប់ពេល ដែលពួកគេខិតខំប្រឹងប្រែងមិនថា ការសិក្សា ការងាររកស៊ី ឬធ្វើអ្វីមួយនោះទេ។ មានមនុស្សច្រើនណាស់ដែលយល់ថា ភាពបរាជ័យ គឺជាលទ្ធផលដែលមិនអាចទទួលយកបាន។ ប៉ុន្តែតើអ្នកអាចរាប់បានទេថា មានមនុស្សប៉ុន្មានអ្នកដែលទទួលបានជោគជ័យនោះ! តើនេះបណ្តាលមកពីអ្វីដែលមនុស្សជោគជ័យមានមិនច្រើនដូចមនុស្សបរាជ័យ?

ទាំងនេះជាមូលហេតុចម្បងមួយចំនួន ដែលធ្វើឲ្យអ្នកនៅតែបរាជ័យ ទោះបីជាអ្នកខិតខំប្រឹងប្រែងខ្លាំងប៉ុនណាក៏ដោយ។

១.អ្នកមិនចូលចិត្តមានការផ្លាស់ប្ដូរ
វាបានបង្ហាញយ៉ាងច្បាស់ថា អ្នកជាមនុស្សដែលមិនចូលចិត្តការផ្លាស់ប្ដូរ នៅពេលអ្នកស្ថិតនៅក្នុងបរិយាកាសដដែលៗ របស់អ្នកអស់រយៈពេលដ៏យូរ ដែលវាបានធ្វើឲ្យអ្នកពិបាកក្នុងការសម្របខ្លួនទៅនឹងអ្វីដែលថ្មី និងពិបាកក្នុងការបង្កើតឱកាសសម្រាប់អភិវឌ្ឍខ្លួនឯង។ ការផ្លាស់ប្ដូរការផ្នត់គំនិតរបស់អ្នក នឹងធ្វើឲ្យអ្នកមើលឃើញគំនិតថ្មីៗ ដើម្បីឈានជើងចូលទៅប្រឡូកទៅក្នុងជីវិត ឬកំណត់គោលដៅមួយច្បាស់លាស់សម្រាប់ខ្លួនឯង។

២.អ្នកមិនបានបង្កើតបណ្ដាញទំនាក់ទំនងជាមួយមនុស្សថ្មីៗ
មនុស្សជាច្រើនបានចំណាយពេលបង្កើតមិត្តភាពជាមួយមនុស្ស ដោយការរាប់អានអ្នកដែលអ្នកធ្លាប់ស្គាល់ ប៉ុន្តែបើអ្នកមិនបានព្យាយាម ជាមួយមនុស្សថ្មីៗ ជាពិសេសអ្នកដែលជោគជ័យជាងអ្នក គឺអ្នកនឹងនៅតែទទួលបានគំនិតដដែលៗ មិនអាចដកស្រង់ ឬរៀនសូត្រគំនិតថ្មីៗបានទេ ដែលជាហេតុធ្វើឲ្យអ្នកមើលឃើញតែជ្រុងម្ខាង ហើយបរាជ័យម្តងហើយម្តងទៀត។

៣.អ្នកនៅស្ទាក់ស្ទើរច្រើន
អ្នកមានជម្រើសច្រើនដែលធ្វើឲ្យអ្នកកាន់តែស្មុគស្មាញ និងពិបាកសម្រេចចិត្ត តែអ្នកគួរតែមានការខិតខំប្រឹងប្រែង និងការសម្រេចចិត្តដ៏ឆ្លាតវៃមួយ ដែលអាចបើកផ្លូវឲ្យអ្នកជោគជ័យ។ អ្នកត្រូវដឹងថា ការងារណាខ្លះសំខាន់ និងជារឿងអាទិភាពសម្រាប់អ្នក។ គោលដៅ ឬក្តីសុបិន្តដែលអ្នកចង់បាន អាចធ្វើឲ្យអ្នកចំណាយពេលរាប់ឆ្នាំដើម្បីជោគជ័យ ដូច្នេះអ្នកត្រូវបែងចែកដោយមិនស្ទាក់ស្ទើរថា ការងារណាខ្លះដែលអ្នកត្រូវធ្វើមុន និងបន្តបន្ទាប់ឡើយ។

៤.អ្នកមិនហ៊ានប្រឈមមុខនឹងឧបសគ្គ
មនុស្សមួយចំនួនធំណាស់ មិនថាចាស់ ឬក្មេង នៅតែមានការភ័យខ្លាចទៅ នឹងឧបសគ្គជាច្រើនដែលនឹងកើតឡើងហើយទីបំផុតត្រូវបរាជ័យ។ សម្រាប់មនុស្សឆ្លាតតែងយល់ថា ឧបសគ្គ គឺជាមេរៀនដ៏ល្អប្រសិនបើអ្នកយកឈ្នះវាបាន។ វាបានធ្វើឲ្យពួកគេកាន់តែរឹងមាំ មានបទពិសោធន៍ និងរៀនសូត្រកាន់តែច្រើន ដូច្នេះវាមិនមែនជារឿង ដែលអ្នកត្រូវខ្លាចក្នុងការប្រឈមមុខនោះឡើយ អ្នកត្រូវតែវិធីងាយស្រួលណាមួយក្នុងការដោះស្រាយឧបសគ្គនោះ។

៥.អ្នកមានការរំពឹងទុកតិចពេក
ការខ្វះភាពជឿជាក់លើខ្លួនឯង គឺជារឿងមួយហើយ អ្វីដែលសំខាន់មួយទៀតនោះ គឺការរំពឹងទុករបស់អ្នកមានតិចតួចពេក។ ការរំពឹងទុកខ្ពស់ខ្លាំងពេក ក៏មិនមែនជារឿងមួយត្រឹមត្រូវទេ ប៉ុន្តែរាល់ការខិតខំប្រឹងប្រែងរបស់អ្នកហាក់កាន់តែគ្មានន័យប្រសិនបើអ្នករំពឹងទុកតិចពេកក៏មិនបានផ្តល់លទ្ធផលអ្វីឲ្យអ្នកដែរ ហើយជម្រើសតែមួយគត់របស់អ្នក គឺបរាជ័យ។ អ្នកគួរតែគិតថា ពេលនេះមិនបាន គង់តែថ្ងៃណាមួយវាមកដល់ជាមិនខាននោះទេ។

៦.អ្នកគ្មានគោលដៅច្បាស់លាស់សម្រាប់ខ្លួន
វាមិនមែនជារឿងចៃដន្យទេដែលអ្នកបរាជ័យរហូតនោះ ប្រសិនបើអ្នកមិនដឹងច្បាស់ថា អ្នកកំពុងធ្វើអ្វី នៅកន្លែងណា ហើយចង់បានអ្វី ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើអ្នកចង់ទៅកាន់គោលដៅណា? អ្នកត្រូវមានគោលដៅឲ្យច្បាស់លាស់ បន្ទាប់មកត្រូវដើរតាមគំនិតរបស់អ្នកឆ្ពោះទៅកាន់គោលដៅនោះ ទើបលទ្ធផលអាចជោគជ័យតាមអ្វីដែលអ្នកបានកំណត់ទុកកន្លងមក។

ជាចុងក្រោយ អ្នកត្រូវដឹងថាតើបណ្តាលមកពីអ្វីដែលមនុស្សជោគជ័យមានមិនច្រើនដូចមនុស្សបរាជ័យឲ្យបានច្បាស់ ហើយទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវខិតខំប្រឹងប្រែងប្តេជ្ញាខ្លួនធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាព និងទទួលបានលទ្ធផលល្អ នោះអ្នកនឹងទទួលបានភាពជោគជ័យ។ ខាងលើនេះសុទ្ធតែជា វិធីសាស្រ្តពិតប្រាកដសម្រាប់ជៀសឆ្ងាយពីភាពបរាជ័យក្នុងជីវិត។

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង