Forter6-IM BOOST FORCE

អ្នកស្រី ណុប ធឿន ជម្នះនឹងភាពក្រីក្រ ដោយធ្វើបង្គីលក់រកប្រាក់ចិញ្ចឹមកូន រៀនឲ្យបានខ្ពង់ខ្ពស់

TNM (ខេត្តព្រៃវែង)៖ ម្តាយឪពុកគ្រប់រូបរមែងតែងចង់ឃើញកូនបានខ្ពង់ខ្ពស់ ក៏ដូចជាអ្នកស្រី ណុប ធឿន និងស្វាមី ចង់ឃើញកូនប្រុសពីរនាក់របស់ខ្លួនដែលកំពុងរៀននៅថ្នាក់បឋមសិក្សា អាចបន្តរៀនរហូតដល់ថ្នាក់ខ្ពស់ដូចកូនអ្នកដទៃ។ គ្រួសារដែលរស់នៅខេត្តពៃ្រវែងមួយនេះ ចង់ឃើញកូនមានចំណេះដឹង និងអនាគតល្អប្រសើរជាងខ្លួន។ ទឹកចិត្តឪពុកម្តាយ មិនមានបំណង់ចង់ឲ្យកូនឈប់រៀនឡើយ បើទោះបីជារស់នៅក្នុងស្ថានភាពគ្រួសារក្រីក្រក៏ពិតមែន ប៉ុន្តែ ដោយអ្នកស្រី ណុប ធឿន ខំប្រឹងកាប់ដើមរំពាក់យកមកធ្វើបង្គីលក់ រីឯស្វាមីរបស់អ្នកស្រី ទៅស៊ីឈ្នួលដឹកដំឡូងមីឲ្យគេ ដើម្បីបានប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្គត់ផ្គង់ការសិក្សារបស់កូន។

អ្នកស្រី ណុប ធឿន ប្រកបរបរធ្វើបង្គីលក់ និងក្រៅពីនោះក៏ធ្វើស្រែបន្តិចបន្តួច ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កួនប្រុសពីរនាក់ ដែលពួកគេកំពុងរៀនថ្នាក់ទី៤ និងទី៦។ ស្ត្រីវ័យ ៥៣ ឆ្នាំ រស់នៅក្នុងភូមិព្រៃទួលថ្មី ឃ្មុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង រូបនេះ ត្រូវចំណាយពេលពី ៣ ទៅ ៤ ថ្ងៃ ទើបអាចធ្វើបង្គីបានចន្លោះពី ៥ ទៅ ៧ គូ ដើម្បីយកទៅបោះឲ្យម៉ូយម្តងៗ។ បង្គីដែលអ្នកស្រីលក់ឲ្យម៉ូយនោះ មានតម្លៃ ៦ ពាន់រៀលក្នុងមួយគូ ខណៈពេលដែលស្វាមីរបស់អ្នកស្ត្រី អាចរកប្រាក់បានចន្លោះពី ២ ទៅ ៣ ម៉ឺនរៀលក្នុងមួយថ្ងៃពីការស៊ីឈ្នួលដឹកដំឡូងមី ដូច្នេះរកព្រឹកខ្វះល្ងាច មិនមែនជារឿងប្លែកសម្រាប់គ្រួសារអ្នកស្រី ណុប ធឿន នោទេ។

អ្នកស្រី និងស្វាមី ព្យាយាមជម្នះ និងខ្មីឃ្មាតប្រកបរបររកប្រាក់ចិញ្ចឹមកូនឲ្យបានសិក្សាដល់ថ្នាក់ខ្ពស់តាមលទ្ធភាពដែលអ្នកស្រី ធឿន អាចធ្វើបាន បើទោះបីជាស្ថានភាពគ្រួសារក្រលំបាកយ៉ាងណា ក៏ ដោយ។ អ្នកស្រីខំប្រឹងណាស់ ដើម្បីបញ្ជូនកូនទាំងពីរឲ្យបានទៅរៀនសូត្រដូចកូនគេដែរ ដោយអ្នកស្រីមិនចង់ឲ្យវាកូនប្រុសទាំងពីរនាក់ឈប់រៀនទេ។ បើទោះបីជា អ្នកស្រី ណុប ធឿន និងស្វាមី ចិញ្ចឹមចិត្តចង់ឃើញគ្រួសាររស់នៅក្នុងជីវភាពធូរធារជាងនេះ និងចង់ឃើញកូនៗរបស់ខ្លួនរៀនសូត្របានខ្ពង់ខ្ពស់នាពេលអនាគត ខណៈពេល ដើមរំពាក់ដែលយកមកធ្វើបង្គីនោះ កាន់តែពិបាករក ហើយរបរស៊ីឈ្នួលដឹកដំឡូងមីរបស់ស្វាមីអ្នកស្រី ក៏មិនស្ថិតស្ថេរនោះដែរ ប៉ុន្តែអ្វីដែរសំខាន់បំផុតសម្រាប់គូស្វាមីភរិយានេះ គឺ ជាការខិតខំ តស៊ូ ពុះពារគ្រប់ឧបសគ្គដើម្បីកូន៕ រូបភាពដោយ៖ THMEY THMEY

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង